«អស្សាឡាមុអាឡៃកុម វ៉ារ៉ាហ្មាទុលឡោះហ៊ី វ៉ាបារ៉កាទុះ!»
សូមស្វាគមន៍យ៉ាងកក់ក្តៅមកកាន់សាលា រីយ៉ាទ អន្តរជាតិ!
ក្នុងនាមគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលមាតាបិតា និងអ្នកអាណាព្យាបាល បានផ្តល់ទំនុកចិត្ត និងជ្រើសរើសគ្រឹះស្ថានអប់រំរបស់យើងខ្ញុំ សម្រាប់អនាគតកូនៗរបស់លោកអ្នក។
នៅសាលា រីយ៉ាទ អន្តរជាតិ ស្របតាមទស្សនវិស័យ «កសាងអ៊ូម៉ាត់ដ៏រឹងមាំ» យើងជឿជាក់យ៉ាងមុតមាំថា ការអប់រំដែលល្អឥតខ្ចោះ គឺមិនត្រឹមតែផ្តោតលើការពង្រឹងចំណេះដឹងទូទៅប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែផ្សារភ្ជាប់យ៉ាងស្អិតរមួតទៅនឹងការបណ្តុះគុណធម៌ និងសីលធម៌។ តាមរយៈកម្មវិធីសិក្សាស្តង់ដារ ៣ភាសា (ខ្មែរ អង់គ្លេស និងអារ៉ាប់-ឥស្លាម) យើងប្តេជ្ញាផ្តល់នូវការអប់រំមួយដែលជួយឱ្យសិស្សានុសិស្សមានសមត្ថភាពប្រកួតប្រជែងទាំងថ្នាក់ជាតិ និងអន្តរជាតិ ព្រមទាំងរក្សាបាននូវមូលដ្ឋានជំនឿដ៏រឹងមាំ។
សាលាយើងខ្ញុំបានរៀបចំនូវបរិយាកាសសិក្សាដែលប្រកបដោយសុវត្ថិភាព វិន័យ និងការគោរព ដោយប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូលទាំង៤ គឺ៖ សុចរិតភាព ឧត្តមភាព សីលធម៌ និង ភាតរភាព។ យើងខ្ញុំប្តេជ្ញាថែរក្សាកូនៗរបស់លោកអ្នក ប្រៀបដូចជាកូនបង្កើត និងបណ្តុះបណ្តាលពួកគេឱ្យក្លាយជាអ្នកដឹកនាំដ៏មានសក្តានុពលនៅក្នុងសង្គម។
យើងខ្ញុំទន្ទឹងរង់ចាំស្វាគមន៍លោកអ្នក និងកូនៗ ចូលជាសមាជិកនៃមហាគ្រួសារ រីយ៉ាទ អន្តរជាតិ ដើម្បីយើងរួមគ្នាកសាងអនាគតដ៏ត្រចះត្រចង់មួយ។ សូមបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជោគជ័យគ្រប់ភារកិច្ច កើតមានដល់លោកអ្នកកុំបីខាន!
ដោយសេចក្តីគោរពរាប់អានដ៏ខ្ពង់ខ្ពស់,
លោក ក្រីម ទៀត
នាយកប្រតិបត្តិ នៃសាលា រីយ៉ាទ អន្តរជាតិ